កាលពីពេលថ្មីៗនេះក្រុមហ៊ុនអុិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យផ្នែកលក់ថ្មីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនដែលមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការិយាល័យថ្មីនេះមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពល ភ្នំពេញស៊ីធីសេនធ័រ ដែលព័ទ្ធជុំវិញទៅដោយ បរិយាកាសល្អ ប្រកបដោយផាសុកភាព និងជាតំបន់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលសេវា របស់ក្រុមហ៊ុន។
លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានមានប្រសាសន៍ថា “ប៉ុន្មានឆ្នាំចុង ក្រោយនេះយើងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ដូច្នេះហើយចំនួនធនធានមនុស្សរបស់យើង ក៏មានកំណើនដូចគ្នាដើម្បីអោយស្របទៅតាមតម្រូវការ។ យើងសង្ឃឹមថាការិយាល័យថ្មីនេះនឹងរឹតតែជួយ បង្កើននូវការគាំទ្ររបស់អតិថិជន។”
នៅក្នុងពិធីនោះផងដែរក៏មានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនក៏ដូចជាកម្មវិធីផ្តល់ជូនពានសម្រាប់ ថ្នាក់ដឹកនាំដែលបានពុះពារឧបសគ្គក្នុងបរិបទជំងឺកូវីដ ១៩ ពានរង្វាន់សម្រាប់ក្រុមការងារ និងបុគ្គលិកឆ្នើម ប្រចាំឆ្នាំ។
លោក ហ៊ន ម៉ារ៉ុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានលើកឡើងអំពីទិសដៅរបស់ក្រុមហ៊ុនយ៉ាងដូច្នេះថា “ទិសដៅរបស់យើងធ្វើយ៉ាងណាផ្តល់សេវាអុិនធឺណិត ជូនដល់អតិថិជនប្រកបដោយគុណភាពល្អ សេវាបម្រើ អតិថជនកម្រិតខ្ពស់ និងតម្លៃសមរម្យមិនថាអតិថិជន តាមគេហដ្ឋាន ឬក្រុមហ៊ុននោះទេ។ ដូចនេះហើយបានជាការិយាល័យផ្នែកលក់ថ្មីនេះត្រូវបានសម្ពោធឡើងគឺ ដើម្បីធ្វើអោយប្រាកដថាអតិថិជនកាន់តែពេញចិត្តនូវសេវាកម្មរបស់យើង។”
បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត។