EventsPromotionUncategorized
ចាប់តាំងពីជំងឺកូវីដ ១៩ រាតត្បាតទូទាំងពិភពលោក ប្រទេសកម្ពុជាក៏ស្ថិតក្នុងផ្នែកមួយនៃការ គំរាមកំហែង និងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ អាជីវកម្មស្ទើរទាំងអស់ត្រូវបង្ខំចិត្ត ផ្លាស់ប្តូរ និងធ្វើទំនើបកម្មដើម្បីបន្តជីវិតរស់នៅ។ សង្វាក់ផលិតកម្មក៏ដូចជាការងារប្រតិបត្តិ ប្រចាំថ្មីបានផ្លាស់ប្តូររបៀបនៃការធ្វើការរបស់ខ្លួនដោយពឹងផ្អែកសឹងតែទាំងស្រុងលើប្រព័ន្ធអុិនធឺណិត ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូររបៀបនៃការធ្វើការ និងផ្តល់សេវារបស់ខ្លួនទៅកាន់របត់ថ្មី ដែលគេហៅថា “អាជីវកម្មឌីជីថល”។
លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY បានមានប្រសាសន៍ ថា ជាការពិតណាស់ជំងឺកូវីដបានផ្លាស់ប្តូររបៀបនៃការធ្វើការយ៉ាងច្រើនដើម្បីបន្តដំណើរទៅ មុខជាមួយនឹងការគិតគូរសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនជាចម្បង។ ប៉ុន្តែអ្វីដែលគួរផ្តោត សំខាន់នោះគឺតម្រូវការមូលដ្ឋានសម្រាប់ការងារទាំងអស់នោះគឺយើងត្រូវការប្រព័ន្ធអុិនធឺណិត ដែលមានគុណភាពដើម្បីផ្គត់ផ្គង់លើការងារនេះដូច្នេះហើយបានជាចាប់តាំងពីកូវីដចូលមកដល់យើងសង្កេតឃើញថាតម្រូវការសេវាអុិនធឺណិតមានការកើនឡើងជាខ្លាំងហើយតម្រូវការទាំងនោះរឹតតែត្រូវការសេវាអុិនធឺណិតធំជាងមុនថែមទៀត។
លោក សុខុនបានបន្តថា របត់ថ្មីនេះនឹងមិនត្រលប់ក្រោយនោះទេទោះបីជាទៅថ្ងៃមុខជំងឺកូវីដ ១៩ ផុតរលត់ក៏ដោយ។ លើសពីនេះយើងរឹតតែត្រូវការពង្រឹងវាបន្ថែមទៀតដោយហេតុថារបត់ ថ្មីនៃអាជីវកម្មឌីជីថលនេះបានចូលមកដល់ហើយ កាលណាយើងមិនមានការផ្លាស់ប្តូនោះ យើងនឹងមិនអាចប្រកួតប្រជែងក្នុងទីផ្សារបានទៀតនោះទេ។